វិសាខបូជា គឺជាបុណ្យដ៏ធំមួយ ក្នុងថ្ងៃ ១៥ កើតខែវិសាខ ទើបពុទ្ធបរិស័ទ ប្រារព្ធពិធីបុណ្យ "វិសាខបូជា" គឺដើម្បីរំ៎ឭកដល់ព្រឹត្តិការណ៍ ពិសេសចំនួន ៣ ព្រឹត្តិការណ៍គឺ
១. ការប្រសូត
២. ការត្រាស់ដឹង
៣. ការចូលនិព្វាន។
ព្រះពុទ្ធ មានព្រះនាមដើមថា សិទ្ធត្ថ ដែលជាព្រះរាជបុត្រារបស់ព្រះនាង សិរិមហាមាយា និងព្រះបាទ សិរីសុទ្ធោទនៈ។ ព្រះអង្គ ត្រូវបានប្រសិទ្ធីព្រះនាម ជាច្រើនទៀត ដូចជា ព្រះសម្មាសម្ពុទ្ធ, ព្រះសមណគោតម, ព្រះភគវា ព្រះអរហំ ព្រះជិនស្រី, ព្រះសក្យមុនី, ព្រះបរមគ្រូ, ព្រះសាស្តា ជាដើម។
ព្រះអង្គ ទ្រង់ប្រសូត នៅថ្ងៃសុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច មុនគ្រិស្តសករាជចំនួន ៦២៣ ឆ្នាំ។ នៅពេលមានព្រះជន្ម ២៩ ព្រះវស្សា ព្រះសិទ្ធត្ថ បានយាងទៅសាងផ្នួស។
ព្រះអង្គទ្រង់ត្រាស់ដឹង ក្រោយពីសាងព្រះផ្នួសអស់រយៈពេល ៦ ឆ្នាំ ព្រះអង្គក៏បានត្រាស់ដឹង កា្លយជាព្រះពុទ្ធ នៅថ្ងៃពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា នាវេលាជិតភ្លឺ។
ព្រះបរមគ្រូនៃយើង ទ្រង់យាងចូលបរិនិព្វាន នៅថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ នៅពេលដែលព្រះអង្គមានព្រះជន្ម ៨០ ព្រះវស្សា។
ព្រឹត្តិការណ៍ "ថ្ងៃទាំងបី" នេះឯង ទើបពុទ្ធបរិស័ទឯកភាពគ្នាប្រារព្ធ វិសាខបូជា សូម្បីតែអង្គការសហប្រជាជាតិ ក៏បានយល់ស្រប់ពុទ្ធសាសនា ជាសាសនាសន្តិភាព ហើយអនុម័ត ទទួលស្គាល់ វិសាខបូជា ជាបុណ្យអន្តរជាតិ កាលពីឆ្នាំ១៩៩៩ ដែរ។