វត្តស្វាយពក

សទ្ធា ៤ យ៉ាង

        សទ្ធាក្នុងទីនេះគឺជា គុណជាតិល្អ កើតឡើងតែនៅក្នុងចិត្តល្អ មនុស្សល្អ ដែលជាសោភណចិត្តប៉ុណ្ណោះ មិនដែលកើតជាមួយនឹងបុគ្គលបាបជាចិត្តអកុសលឡើយ ។ សទ្ធាគឺជា ការជំនឿ, ការជឿដែលប្រកបដោយហេតុផលមាន៤ យ៉ាង៖

        ១- កម្មស្សទ្ធា គឺជឿកម្ម, ជឿច្បាប់នៃកម្ម, ជឿថាកម្មមានពិត ជឿថា បើធ្វើអ្វីដែលប្រកបដោយចេតនា គឺផ្ចង់ចិត្តធ្វើទាំងដឹង រមែងជាកម្ម គឺជឿថា បាបកម្ម ជាអំពើញ៉ាំងសត្វលោកឲ្យថោកទាប, កុសលកម្ម ជាអំពើញ៉ាំងសត្វលោកឲ្យប្រសើរថ្លៃថ្នូរ ខ្ពង់ខ្ពស់ ។

        ២- វិបាកសទ្ធា ការជឿទៅលើផល គឺជឿថា សេចក្ដីវិនាសហិនហោច និងសេចក្ដីទុក្ខគ្រប់ប្រការ ដែលខ្លួនត្រូវជួបប្រទះ គឺជាផលរបស់កម្មអាក្រក់ដែលខ្លួនធ្លាប់បានធ្វើហើយ ចំណែកសេចក្ដីសុខ-ចម្រើន ដែលខ្លួនត្រូវទទួលបាន គឺជាផលរបស់កម្មល្អ ដែលខ្លួនធ្លាប់ធ្វើហើយដែរ ដោយមិនមានអ្នកណាជាអ្នកធ្វើជំនួសនោះទេ ។

        ៣- កម្មស្សកតាសទ្ធា ជឿថា សត្វទាំងឡាយមានកម្មជារបស់ខ្លួន គឺថាកម្មដែលសត្វលោកបានធ្វើហើយទោះបីជាល្អក្ដី អាក្រក់ក្ដី តែងតែជាប់ទៅតាមសត្វលោកនោះជានិច្ច ដូចកង់រទេះដែលវិលទៅតាមជើងគោ ឬដូចជាស្រមោលអន្ទោលតាមប្រាណ បើទុកជាខំរត់គេច ឬរាយមន្តការពារយ៉ាងណា ក៏មិនអាចរួចផុតអំពីអំណាចកម្មបានឡើយ ។

        ៤- តថាគតពោធិសទ្ធា ជឿការត្រាស់ដឹងរបស់ព្រះតថាគត គឺជឿថា ព្រះមានព្រះភាគនោះ ព្រះអង្គជាអរហន្ត ជាសម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជានិងចរណៈមានព្រះដំណើរល្អ ជ្រាបច្បាស់នូវលោក ឥតមានបុគ្គលដទៃស្មើ ទូន្មាននូវបុរសដែលគួរទូន្មានបាន ជាគ្រូនៃទេវតានិងមនុស្សទាំងឡាយ ត្រាស់ដឹងនូវចតុរារិយសច្ច លែងវិលត្រឡប់មកកាន់ភពថ្មីទៀតឡើយ និងរួមមួយអន្លើដោយការជឿគុណព្រះធម៌ និងគុណព្រះសង្ឃផង ។

        ពុទ្ធសាសនិកជន គួរមានសទ្ធាទាំង ៤ ខនេះ ជាពិសេសខទី ៤ ព្រោះថាបើយើងជឿជាក់ថាព្រះពុទ្ធជាម្ចាស់ត្រាស់ដឹងពិត យើងក៏នឹងជឿថាពាក្យប្រៀនប្រដៅផ្សេងៗ ដែលព្រះអង្គបានសម្ដែង ជារឿងពិត ជារឿងបដិបត្តិតាមហើយនឹងបានទទួលផលតាមសមគួរដល់ការបដិបត្តិពិត មិនហួសពីសមត្ថភាពរបស់មនុស្ស មិនមែនជារឿងគិតស្រមើស្រមៃ ។

แสดงความคิดเห็น (0)
ใหม่กว่า เก่ากว่า