វត្តស្វាយពក

រាហុលសូត្រ

    (៣៥) (ព្រះមានព្រះភាពត្រាស់សួរថា) អ្នកមិនមើលងាយអ្នកប្រាជ្ញ ព្រោះតែនៅរួមគ្នារឿយ ៗ ទេឬ បុគ្គលអ្នកទ្រោលគប់ភ្លើងបំភ្លឺដល់ពួកមនុស្ស អ្នកកោតក្រែងដែរឬ ។

    (ព្រះរាហុលដ៏មានអាយុក្រាបទូលថា) ខ្ញុំព្រះអង្គមិនមើលងាយអ្នកប្រាជ្ញព្រោះតែនៅរួមគ្នារឿយ ៗ ទេ បុគ្គលអ្នកទ្រោលគប់ភ្លើងបំភ្លឺដល់ពួកមនុស្ស ខ្ញុំព្រះអង្គកោតក្រែជានិច្ច ។

    (ព្រះមានព្រះភាគទ្រង់ត្រាស់ថា) អ្នកចូរលះនូវកាមគុណ ៥ មានសភាពជាទីស្រឡាញ់ ជាទីត្រកអរនៃចិត្តចេញចាកផ្ទះមកបួសដោយសទ្ធា ហើយធ្វើនូវទីបំផុតទុក្ខចុះ ។

    អ្នកចូរគប់រក នូវកល្យាណមិត្ត នឹងទីដេក ទីអង្គុយដ៏ឆ្ងាយ ស្ងប់ស្ងាត់ មិនមានសំឡេងគឹកកង ចូរជាអ្នកស្គាល់ប្រមាណក្នុងភោជន ។

    អ្នកកុំធ្វើបំណង ក្នុងបច្ច័យទាំងនេះ គឺចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ នឹងគិលានប្បច្ច័យឡើយ កុំត្រឡប់មកកាន់លោកទៀតឡើយ ។

    អ្នកចូរសង្រួម ក្នុងបាតិមោក្ខផង ក្នុងឥន្ទ្រិយទាំង ៥ ផង ចូរមានស្មារតី ប្រព្រឹត្តទៅក្នុងកាយ ចូរជាបុគ្គលច្រើន ដោយសេចក្តីនឿយណាយ ។

    អ្នកចូរលះនូវសុភនិមិត្ត ដែលប្រកបដោយរាគៈ ចូរចម្រើនចិត្តដោយអសុភ ឱ្យជាចិត្តមូលតែមួយ តាំងមាំដោយប្រពៃ មួយទៀត ចូរចម្រើន នូវអនិមិត្តវិបស្សនា ចូរលះនូវអនុស័យគឺ មានះ លំដាប់តអំពីនោះ អ្នកនឹងប្រព្រឹត្តស្ងប់រម្ងាប់ ព្រោះលះបង់មានះ ។

    ព្រះមានព្រះភាគ ទ្រង់ទូន្មានព្រះរាហុល ដ៏មានអាយុ ជារឿយ ៗ ដោយគាថាទាំងនេះ ដោយប្រការយ៉ាងនេះឯង ។

ព្រះត្រៃបិដក ភាគ ៥៤ ទំព័រ ១០៧ - ១០៩

แสดงความคิดเห็น (0)
ใหม่กว่า เก่ากว่า