[១] (សូត្រនេះ) ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ផ្លូវឆ្ងាយ ក្នុងចន្លោះនៃក្រុងរាជគ្រឹះ នឹងចន្លោះនៃនាឡន្ទគ្រាម ជាមួយនឹងភិក្ខុសង្ឃច្រើន ចំនួន ៥០០ រូប។ ចំណែកខាងសុប្បិយបរិព្វាជក ក៏បានដើរទៅកាន់ផ្លូវឆ្ងាយ ក្នុងចន្លោះនៃក្រុងរាជគ្រឹះ និងចន្លោះនៃនាឡន្ទគ្រាម ជាមួយនឹងព្រហ្មទត្តមាណព ដែលជាកូនសិស្សដែរ។ បានឮថា ក្នុងផ្លូវឆ្ងាយនោះ សុប្បិយបរិព្វាជក ពោលតិះដៀលព្រះពុទ្ធ ពោលតិះដៀលព្រះធម៌ ពោលតិះដៀលព្រះសង្ឃ ដោយអនេកបរិយាយ ។ ឯព្រហ្មទត្តមាណព ដែលជាកូនសិស្សរបស់សុប្បិយបរិព្វាជក ក៏ពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរគុណព្រះធម៌ ពោលសរសើរគុណព្រះសង្ឃដោយអនេកបរិយាយវិញ។ ព្រោះហេតុយ៉ាងនេះ បានជាបរិព្វាជកទាំងពីរនាក់ គឺអាចារ្យ នឹងកូនសិស្សនោះ ពោលពាក្យជាសឹកសត្រូវទៅរកគ្នានឹងគ្នាដោយត្រង់ (ឥតមានបញ្ចៀសវាសវាង) ហើយដើរជាប់តាមក្រោយ ៗ ព្រះមានព្រះភាគ នឹងភិក្ខុសង្ឃទៅ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្តេចចូលទៅគង់នៅក្នុងរាជដំណាក់ ក្នុងសួនឈ្មោះអម្ពលដ្ឋិកា នៅអស់មួយរាត្រី ជាមួយនឹងភិក្ខុសង្ឃ។ ឯសុប្បិយបរិព្វាជក ក៏បានចូលទៅនៅក្នុងរាជដំណាក់ ក្នុងសួនឈ្មោះអម្ពលដ្ឋិកា នៅអស់មួយរាត្រី ជាមួយនឹងព្រហ្មទត្តមាណព ដែលជាកូនសិស្សដែរ។ ក្នុងរឿងនោះ បានឮថា សុប្បិយបរិព្វាជក ពោលតិះដៀលព្រះពុទ្ធ ពោលតិះដៀលព្រះធម៌ ពោលតិះដៀលព្រះសង្ឃ ដោយអនេកបរិយាយ ។ ឯព្រហ្មទត្តមាណព ជាកូនសិស្សរបស់សុប្បិយបរិព្វាជក ក៏ពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរគុណព្រះធម៌ ពោលសរសើរគុណព្រះសង្ឃ ដោយអនេកបរិយាយវិញ ។ ព្រោះហេតុយ៉ាងនេះ បានជាបរិព្វាជកទាំង ២ រូប គឺអាចារ្យ នឹងកូនសិស្សនោះ ពោលពាក្យជាសឹកសត្រូវទៅរកគ្នានឹងគ្នាដោយត្រង់ ដើរជាប់តាមក្រោយ ៗព្រះមានព្រះភាគ នឹងភិក្ខុសង្ឃទៅ ។ គ្រានោះឯង ភិក្ខុទាំងឡាយច្រើនរូបក្រោកឡើង ក្នុងបច្ចូសសម័យនៃរាត្រី ហើយអង្គុយប្រជុំគ្នាក្នុងរោង សម្រាប់សម្រាកកាយ បានផ្តើមពាក្យស្ងើចនេះឡើងថា ម្នាលអាវុសោទាំងឡាយ អស្ចារ្យណាស់តើហ្ន៎ ម្នាលអាវុសោទាំងឡាយ ហេតុនេះមិនធ្លាប់កើត បែរជាកើតឡើងបាន ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាប ទ្រង់ឃើញច្បាស់ ទ្រង់ជ្រាបចំពោះនូវភាវៈនៃសត្វទាំងឡាយ ដែលមានអធ្យាស្រ័យផ្សេង ៗ គ្នា ដោយពិតប្រាកដ ព្រោះថា សុប្បិយបរិព្វាជកនេះ ពោលតិះដៀលព្រះពុទ្ធ ពោលតិះដៀលព្រះធម៌ ពោលតិះដៀលព្រះសង្ឃ ដោយអនេកបរិយាយ ចំណែកខាងព្រហ្មទត្តមាណព ជាកូនសិស្សរបស់សុប្បិយបរិព្វាជក ពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរគុណព្រះធម៌ ពោលសរសើរគុណព្រះសង្ឃ ដោយអនេកបរិយាយវិញ ព្រោះហេតុយ៉ាងនេះ បានជាបរិព្វាជកទាំងពីរនាក់ គឺអាចារ្យ នឹងកូនសិស្សនោះ ពោលពាក្យជាសឹកសត្រូវទៅរកគ្នានឹងគ្នាដោយត្រង់ ដើរជាប់តាមក្រោយ ៗ នៃព្រះមានព្រះភាគ នឹងភិក្ខុសង្ឃទៅ ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវពាក្យស្ងើចនេះរបស់ភិក្ខុទាំងឡាយនោះ ហើយទ្រង់យាងចូលទៅក្នុងរោងសម្រាប់សម្រាកកាយ លុះយាងទៅដល់ហើយ ទ្រង់គង់លើអាសនៈដែលគេតែងតាំងថ្វាយ ។ លុះព្រះមានព្រះភាគគង់ហើយ ក៏ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយមកអង្គុយប្រជុំគ្នាក្នុងទីនេះ និយាយពីរឿងរ៉ាវដូចម្តេច ចុះពាក្យជាចន្លោះដូចម្តេច ដែលអ្នកទាំងឡាយនិយាយមិនទាន់ចប់ ។ កាលព្រះមានព្រះភាគទ្រង់សួរយ៉ាងនេះហើយ ភិក្ខុទាំងនោះក៏បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គទាំងឡាយក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី ហើយអង្គុយប្រជុំគ្នា ក្នុងរោងសម្រាប់សម្រាកកាយនេះ បានផ្តើមពាក្យស្ងើចនេះឡើងថា ម្នាលអាវុសោទាំងឡាយ អស្ចារ្យណាស់តើហ្ន៎ ម្នាលអាវុសោទាំងឡាយ ហេតុនេះមិនធ្លាប់កើត ក៏បែរជាកើតឡើងបាន ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាប ឃើញច្បាស់ ទ្រង់ជ្រាបច្បាស់លាស់ នូវភាវៈនៃសត្វទាំងឡាយ ដែលមានអធ្យាស្រ័យផ្សេង ៗ គ្នា ដោយពិតប្រាកដ ព្រោះថា សុប្បិយបរិព្វាជកនេះ ពោលតិះដៀលព្រះពុទ្ធ ពោលតិះដៀលព្រះធម៌ ពោលតិះដៀលព្រះសង្ឃ ដោយអនេកបរិយាយ ឯព្រហ្មទត្តមាណព ជាកូនសិស្ស របស់សុប្បិយបរិព្វាជក ក៏ពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរគុណព្រះធម៌ ពោលសរសើរគុណព្រះសង្ឃ ដោយអនេកបរិយាយវិញ ព្រោះហេតុយ៉ាងនេះ បានជាបរិព្វាជកទាំង ២ នាក់ គឺអាចារ្យ នឹងកូនសិស្សនោះ ពោលពាក្យជាសឹកសត្រូវទៅរកគ្នានឹងគ្នាដោយត្រង់ ដើរជាប់តាមក្រោយ ៗ នៃព្រះមានព្រះភាគ នឹងភិក្ខុសង្ឃទៅ បពិត្រព្រះអង្គដ៏ចំរើន ពាក្យជាចន្លោះនេះឯង ដែលខ្ញុំព្រះអង្គទាំងឡាយ និយាយមិនទាន់ ចប់នៅឡើយ ទទួលព្រះមានព្រះភាគស្តេចមកដល់ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ទោះបីពួកសត្វដទៃ ពោលតិះដៀលតថាគតក្តី ពោលតិះដៀលព្រះធម៌ក្តី ពោលតិះដៀលព្រះសង្ឃក្តី អ្នកទាំងឡាយមិនគួរធ្វើគំនុំ មិនគួរធ្វើសេចក្តីមិនត្រេកអរ មិនគួរធ្វើសេចក្តីអាក់អន់ចិត្ត ចំពោះពួកសត្វទាំងនោះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ទោះបីពួកសត្វដទៃ ពោលតិះដៀលតថាគតក្តី ពោលតិះដៀលព្រះធម៌ក្តី ពោលតិះដៀលព្រះសង្ឃក្តី បើអ្នកទាំងឡាយក្រោធ ឬអាក់អន់ចិត្តចំពោះពួកសត្វទាំងនោះហើយ មុខជាសេចក្តីអន្តរាយ (នៃគុណទាំងឡាយមានបឋមជ្ឈានជាដើម) នឹងកើតមានប្រាកដ ដល់អ្នកទាំង ឡាយ ដោយសេចក្តីក្រោធ និងសេចក្តីអាក់អន់ចិត្តនោះ។ ម្នាលភិក្ខុទាំងឡាយ ទោះបីពួកសត្វដទៃ ពោលតិះដៀលតថាគតក្តី ពោលតិះដៀលព្រះធម៌ក្តី ពោលតិះដៀលព្រះសង្ឃក្តី បើអ្នកទាំងឡាយក្រោធ ឬអាក់អន់ចិត្ត ចំពោះពួកសត្វទាំងនោះហើយ អ្នកទាំងឡាយនឹងបានដឹងច្បាស់ នូវសេចក្តីនៃពាក្យពីរោះឬពាក្យអាក្រក់ របស់ពួកសត្វដទៃដែរឬ ។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំមិនអាចដឹងច្បាស់នូវសេចក្តីនៃពាក្យនោះទេ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ទោះបីពួកសត្វដទៃពោលតិះដៀលតថាគតក្តី ពោលតិះដៀលព្រះធម៌ក្តី ពោលតិះដៀលព្រះសង្ឃក្តី អ្នកទាំងឡាយ គប្បីឃាត់ពាក្យមិនពិត ដោយពាក្យមិនពិត ចំពោះពួកសត្វទាំងនោះថា ពាក្យនេះមិនពិតដោយហេតុនេះ ពាក្យនេះមិនប្រាកដដោយហេតុនេះ ហេតុនេះឥតមានក្នុងពួកយើង មួយវិញទៀត ពាក្យនេះ រកមិនបានក្នុងពួកយើងទេ។ ម្នាលភិក្ខុទាំងឡាយ ទោះបីពួកសត្វដទៃ ពោលសរសើរគុណតថាគតក្តី ពោលសរសើរគុណព្រះធម៌ក្តី ពោលសរសើរគុណព្រះសង្ឃក្តី អ្នកទាំងឡាយ មិនគួរធ្វើសេចក្តីរីករាយ មិនគួរធ្វើសោមនស្ស មិនគួរធ្វើសេចក្តីព្រើលចិត្ត ចំពោះពួកសត្វទាំងនោះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ទោះបីពួកសត្វដទៃ ពោលសរសើរគុណតថាគតក្តី ពោលសរសើរគុណព្រះធម៌ក្តី ពោលសរសើរគុណព្រះសង្ឃក្តី ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មានចិត្តរីករាយត្រេកអរ ព្រើលចិត្ត ចំពោះពួកសត្វទាំងនោះហើយ សេចក្តីអន្តរាយ (នៃគុណទាំងឡាយមានបឋមជ្ឈានជាដើម) នឹងកើតមានប្រាកដ ដល់អ្នកទាំងឡាយ ព្រោះសេចក្តីត្រេកអរនោះឯង ។ ម្នាលភិក្ខុទាំងឡាយ ទោះបីពួកសត្វដទៃ ពោលសរសើរគុណតថាគតក្តី ពោលសរសើរគុណព្រះធម៌ក្តី ពោលសរសើរគុណព្រះសង្ឃក្តី អ្នកទាំងឡាយ ត្រូវប្តេជ្ញាពាក្យពិត តាមពាក្យពិត ចំពោះពួកសត្វទាំងនោះថា ពាក្យនេះពិតដោយហេតុនេះមែន ពាក្យនេះ ប្រាកដដោយហេតុនេះមែន ពាក្យនេះ តែងមាន ក្នុងពួកយើងមែន មួយវិញទៀត ពាក្យនេះ រមែងរកបាន ក្នុងពួកយើងមែន ។
ព្រហ្មជាលសូត្រទី ១ សុត្តនិទាន
ប្រភព សុត្តន្តបិដក ទីឃនិកាយ បឋមភាគ សីលវក្ខន្ធវគ្គ ភាគទី ១៤ ទំព័រ ១ - ៧



