[២] ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលបើពោលសរសើរគុណរបស់តថាគត តែងសរសើរដោយគុណជាតណា គុណជាតនុ៎ះ មានប្រមាណតិច មានប្រមាណស្តួចស្តើង បានត្រឹមតែសីលប៉ុណ្ណោះ ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលបើពោលសរសើរគុណរបស់តថាគត ដោយគុណជាតណា គុណជាតនុ៎ះ មានប្រមាណតិច មានប្រមាណស្តួចស្តើង បានត្រឹមតែសីលប៉ុណ្ណោះ តើដូចម្តេច ។
[៣] (បុថុជ្ជន តែងពោលសរសើរថា) ព្រះសមណគោតម លះបង់បាណាតិបាតហើយ វៀរស្រឡះចាកបាណាតិបាតហើយ មានដំបងដាក់ចុះហើយ មានគ្រឿងសស្ត្រាដាក់ចុះហើយ មានសេចក្តីខ្មាសបាប ដល់នូវសេចក្តីអាណិតអាសូរ មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ដល់សព្វសត្វ ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន ។ ថា ព្រះសមណគោតម លះបង់អទិន្នាទានហើយ វៀរស្រឡះចាកអទិន្នាទានហើយ ព្រះអង្គកាន់យកតែរបស់ដែលគេឲ្យ ប្រាថ្នាតែរបស់ដែលគេឲ្យ មានអត្តភាពជាអ្នកមិនលួច មានសភាពដ៏ស្អាត។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន ។ ថា ព្រះសមណគោតម លះបង់អព្រហ្មចរិយៈហើយ ជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ ព្រះអង្គចៀសវាង (អំពីអព្រហ្មចរិយៈ) វៀរចាកមេថុនធម្ម ជាធម៌របស់អ្នកស្រុកហើយ ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។
[៤] (បុថុជ្ជន តែងពោលសរសើរថា) ព្រះសមណគោតម លះបង់មុសាវាទហើយ វៀរស្រឡះចាកមុសាវាទហើយ ព្រះអង្គពោលតែពាក្យពិត តពាក្យពិត មានវាចាខ្ជាប់ខ្ជួន គួរអ្នកផងជឿបាន មិនពោលបំភ្លាត់សត្វលោក ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន ។ ថា ព្រះសមណគោតម ព្រះអង្គលះបង់បិសុណាវាចាហើយ វៀរស្រឡះចាកបិសុណាវាចាហើយ ព្រះអង្គឮពាក្យក្នុងសំណាក់នៃពួកជនឯណេះហើយ មិននាំយកទៅប្រាប់ដល់ពួកជនឯណោះ ដើម្បីបំបែកពួកជននេះឡើយ ឬឮពាក្យក្នុងសំណាក់នៃពួកជនឯណោះហើយ មិននាំយកមកប្រាប់ដល់ពួកជននេះ ដើម្បីបំបែកពួកជនឯណោះឡើយ ។ ព្រះអង្គ ជាអ្នកផ្សះផ្សានូវពួកជន ដែលបែកគ្នាហើយផង ជាអ្នកបន្ថែមកំឡាំងឲ្យដល់ពួកជន ដែលព្រមព្រៀងគ្នាហើយផង ព្រះអង្គ មានសេចក្តីព្រមព្រៀងជាទីត្រេកអរ ត្រេកអរក្នុងសេចក្តីព្រមព្រៀង រីករាយក្នុងការព្រមព្រៀង ទ្រង់ពោលវាចាដែលធ្វើឲ្យព្រមព្រៀងគ្នា ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។ ថា ព្រះសមណគោតម ទ្រង់លះបង់នូវផរុសវាចាហើយ វៀរស្រឡះចាកផរុសវាចាហើយ ក៏វាចាណា ដែលជាសំដីឥតមានទោស ជាសុខដល់ត្រចៀក គួរឲ្យអ្នកផងស្រឡាញ់ពេញហឫទ័យ ជាសំដីរបស់អ្នកសប្បុរស ជាទីត្រេកអរនៃជនច្រើននាក់ ពេញចិត្តនៃជនច្រើននាក់ ទ្រង់ពោលតែវាចាបែបនោះឯង ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។ ថា ព្រះសមណគោតម ទ្រង់លះបង់នូវសម្ផប្បលាបហើយ វៀរស្រឡះចាកសម្ផប្បលាបហើយ ព្រះអង្គពោលពាក្យក្នុងកាលគួរ ពោលតែពាក្យពិតប្រាកដ ពោលតែពាក្យដែលជាអត្ថ ពោលតែពាក្យដែលជាធម៌ ពោលតែពាក្យដែលជាវិន័យ ពោលតែពាក្យមានឱកាស ជាទីដំកល់ទុកក្នុងហឫទ័យ ប្រកបដោយគ្រឿងអាង មានគ្រឿងកំណត់ ប្រកបដោយប្រយោជន៍ ដោយកាលដ៏គួរ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន ។
[៥] ថា ព្រះសមណគោតម វៀរស្រឡះចាកការធ្វើពីជគាម និងភូមតគាម (លេខយោង)“វត្ថុដែលមានពូជដុះឡើងបាន តែមិនដុះជាប់នឹងផែនដី មានគ្រាប់ឈើជាដើម ហៅថាពីជគាម ឈើស្មៅជាដើម ដែលដុះជាប់នឹងផែនដី ហៅថាភូតគាម។” ឲ្យវិនាសហើយ។ ម្នាលភិក្ខុទាំងឡាយ ដូច្នេះក៏មាន ។បេ។
[៦] ថា ព្រះសមណគោតម ព្រះអង្គបរិភោគភត្តតែ១ពេល វៀរលែងបរិភោគក្នុងរាត្រី វៀរលែងបរិភោគក្នុងកាលខុស ។ ព្រះសមណគោតម វៀរស្រឡះចាកកិរិយាមើលនូវរបាំ និងការស្តាប់នូវចម្រៀង និងភ្លេងប្រគំ ដែលជាសត្រូវដល់កុសលធម៌ ។ ព្រះសមណគោតម វៀរស្រឡះចាកកិរិយាទ្រទ្រង់ ប្រដាប់ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ ។ ព្រះសមណគោតម វៀរស្រឡះចាកទីដេក ទីអង្គុយដ៏ខ្ពស់ និងទីដេក ទីអង្គុយដ៏ប្រសើរ ។ ព្រះសមណគោតម វៀរស្រឡះចាកកិរិយាទទួលមាស និងប្រាក់។
[៧] ថា ព្រះសមណគោតម វៀរស្រឡះចាកកិរិយាទទួលធញ្ញជាតឆៅ។ ព្រះសមណគោតម វៀរស្រឡះចាកកិរិយាទទួលសាច់ឆៅ ។ ព្រះសមណគោតម វៀរស្រឡះចាកកិរិយាទទួលស្រី និងក្មេងស្រី ។ ព្រះសមណគោតម វៀរស្រឡះចាកកិរិយាទទួលខ្ញុំស្រី និងខ្ញុំប្រុស ។ ព្រះសមណគោតម វៀរស្រឡះចាកកិរិយាទទួលពពែ និងចៀម។ ព្រះសមណគោតម វៀរស្រឡះចាកកិរិយាទទួលមាន់ និងជ្រូក ។ ព្រះសមណគោតម វៀរស្រឡះចាកកិរិយាទទួលដំរី គោ សេះ ឈ្មោលញី ។ ព្រះសមណគោតម វៀរស្រឡះចាកកិរិយាទទួលស្រែ និងចំការ។
[៨] ព្រះសមណគោតម វៀរស្រឡះចាកកិរិយាប្រកបនូវទូតកម្ម គឺនាំសំបុត្រ ឬពាក្យបណ្តាំដល់គ្រហស្ថ នឹងទៅដោយគេបញ្ជូន អំពីផ្ទះ ១ ទៅផ្ទះ ១ ។ ព្រះសមណគោតម វៀរស្រឡះចាកការទិញ និងការលក់ ។ ព្រះសមណគោតម វៀរស្រឡះចាកការឆបោក ឬបន្លំ ដោយជញ្ជីង និងឆបោក ដោយភាជន៍មាស ឆបោកដោយរង្វាស់រង្វាល់ (លេខយោង) “ការឆបោក ឬបន្លំដោយជញ្ជីង មាន ៤ យ៉ាង គឺបន្លំដោយរូប ១ បន្លំដោយអវយវៈ ១ បន្លំដោយការកាន់យក ១ បន្លំដោយការបិទបាំង ១ ។ អធិប្បាយ បុគ្គលធ្វើជញ្ជីងពីរ មានរូបប៉ុនគ្នា ដូចគ្នា តែធ្ងន់ស្រាលជាងគ្នា វេលាទិញ ប្រើជញ្ជីងធ្ងន់ វេលាលក់ ប្រើជញ្ជីងស្រាល ហៅថា បន្លំដោយរូប គឺរូបជញ្ជីង ។ វេលាទិញ ថ្លឹងរបស់ យកដៃសង្កត់ជញ្ជីងពីខាងក្រោយ វេលាលក់ យកដៃសង្កត់ជញ្ជីងពីខាងមុខ ហៅថា បន្លំដោយអវយវៈ ។ វេលាទិញ ថ្លឹងរបស់ កាន់ខ្សែជញ្ជីងខាងគល់ដង វេលាលក់ កាន់ខ្សែខាងចុងដង ហៅថា បន្លំដោយការកាន់យក ។ ធ្វើដងជញ្ជីងឲ្យមានប្រហោងខាងក្នុង ហើយច្រកកំទេចដែកក្នុងប្រហោងនោះ វេលាទិញ ធ្វើឲ្យដែករត់មកខាងក្រោយ វេលាលក់ ធ្វើឲ្យដែករត់មកខាងមុខ ហៅថា បន្លំដោយការបិទបាំង ។ ធ្វើភាជន៍ដោយមាសសុទ្ធតែ ១ ហើយធ្វើភាជន៍ក្រឡៃជាច្រើន ឲ្យមានពណ៌ប្រហែលគ្នា ហើយលក់យកថ្លៃស្មើគ្នានឹងមាស ហៅថា បន្លំដោយមាស ។ វេលាទិញ ប្រើរង្វាល់ធំ វេលាលក់ ប្រើរង្វាល់តូច ហៅថា បន្លំដោយរង្វាល់ ។ វេលាបានសំណូក វាស់ដីស្រែចម្ការធំឲ្យទៅជាតូច វេលាមិនបានសំណូក វាស់ដីតូច ឲ្យទៅជាធំ ដើម្បីឲ្យចំរើនពន្ធ ឬសួយ ហៅថា បន្លំដោយរង្វាស់ ។” ព្រះសមណគោតម វៀរស្រឡះចាកកិរិយាប្រកបនូវអំពើវៀច គឺការបង្ខុសបំភាន់ បញ្ឆោត បោកប្រាស បន្លំដោយរបស់ប្លម។ ព្រះសមណគោតម វៀរស្រឡះចាកកិរិយាកាត់ (នូវអវៈយវៈ មានដៃជាដើម) និងការសម្លាប់ ចង ធ្វើមនុស្សឲ្យវង្វេងផ្លូវ ប្លន់អ្នកស្រុក កំហែងយកទ្រព្យ។ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន ។
ចប់ ចូឡសីល
ប្រភព សុត្តន្តបិដក ទីឃនិកាយ បឋមភាគ សីលវក្ខន្ធវគ្គ ភាគទី ១៤ ទំព័រ ៧-១២



