វត្តស្វាយពក

ព្រហ្មជាលសូត្រទី ១ មជ្ឈិមសីល

 [៩] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយ ៗ នូវកិរិយាធ្វើពីជគាម និងភូតគាមឲ្យវិនាស ។ ពីជគាម និងភូតគាមនោះ តើដូចម្តេចខ្លះ ។ គឺ ពូជគឺមើម ឬឫស ១ ពូជគឺដើម ១ ពូជគឺថ្នាំង ១ ពូជគឺចុង ឬត្រួយ ១ ពូជគឺគ្រាប់ ១ ជាគំរប់ ៥ ។ ព្រះសមណគោតម ទ្រង់វៀរស្រឡះចាកកិរិយាធ្វើពីជគាម និងភូតគាមឲ្យវិនាស មានសភាពដូច្នេះ ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន ។

[១០] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗនូវការបរិភោគវត្ថុ ដែលសន្សំទុក មានសភាពយ៉ាងនេះ ។ ការសន្សំទុកនោះ តើដូចម្តេចខ្លះ ។ គឺការសន្សំគ្រឿងស៊ីខ្លះ សន្សំទឹកផឹកខ្លះ សន្សំសំពត់ខ្លះ សន្សំយានខ្លះ សន្សំទីដេកខ្លះ សន្សំគ្រឿងលាបខ្លះ សន្សំគ្រឿងក្រអូបខ្លះ សន្សំអាមិសខ្លះ។ ព្រះសមណគោតម ទ្រង់វៀរស្រឡះចាកការបរិភោគវត្ថុ ដែលសន្សំទុក មានសភាពដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន ។

[១១] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយ ៗ នូវការស្តាប់ និងការមើលនូវល្បែង ដែលជាសត្រូវដល់កុសលធម៌ មានសភាពយ៉ាងនេះ ។ ឯល្បែងដែលជាសត្រូវ ដល់កុសលធម៌នោះ តើដូចម្តេច។ គឺល្បែងរាំខ្លះ ច្រៀងខ្លះ ប្រគំខ្លះ មហោស្រពខ្លះ ចម្បាំងស្តេចភារត និងព្រះរាមជាដើមខ្លះ គងខ្លះ រគាំងខ្លះ ស្គរមានជ្រុង៤ខ្លះ រូបគំនូរខ្លះ ល្បែងដុំដែកខ្លះ ល្បែងរ៉ាវខ្លះ ល្បែងលាងឆ្អឹងខ្លះ ដំរីជល់គ្នាខ្លះ សេះប្រខាំគ្នាខ្លះ ក្របីជល់គ្នាខ្លះ គោជល់គ្នាខ្លះ ពពែជល់គ្នាខ្លះ កែះជល់គ្នាខ្លះ មាន់ជល់គ្នាខ្លះ ចាបជល់គ្នាខ្លះ ល្បែងគុណដំបងខ្លះ ប្រដាល់ខ្លះ ចំបាប់ខ្លះ ទីសម្រាប់ច្បាំងគ្នាខ្លះ ទីសម្រាប់រៀបពលខ្លះ លំនៅកងទ័ពខ្លះ ទីមើលសេនាប្រកបដោយអង្គ ៤ ខ្លះ [សេនាដំរី ១ សេនាសេះ ១ សេនារទេះ ១ សេនាថ្មើជើង ១ ។  ឯព្រះសមណគោតម ទ្រង់វៀរស្រឡះចាកកិរិយាស្តាប់ និងការមើលល្បែង ដែលជាសត្រូវដល់កុសលធម៌ មានសភាពដូច្នេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន ។


[១២] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗនូវល្បែងបាស្កា ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ ។ ល្បែងបាស្កានោះ តើដូចម្តេចខ្លះ ។ គឺបាស្កាមានក្រឡា ៨ ខ្លះ បាស្កាមានក្រឡា ១០ ខ្លះ បាស្កាដែលលេងឰដ៏អាកាសខ្លះ ល្បែងវាងផ្លូវដែលគួរវាងខ្លះ ល្បែងផ្ទាត់គ្រាប់ មានគ្រាប់ក្រួសជាដើមខ្លះ លេងបាស្កាក្នុងទីលានសម្រាប់លេងខ្លះ ល្បែងហ៊ឹង ឬកូនគោលខ្លះ ល្បែងរលាស់ទឹក លាក់ឲ្យទាយរូបខ្លះ ល្បែងអង្គញ់ខ្លះ ល្បែងប៉ីស្លឹកខ្លះ ល្បែងនង្គ័លតូចខ្លះ ល្បែងដាំដូងខ្លះ ល្បែងកង្ហារខ្លះ ល្បែងវាល់ដីខ្សាច់ (បាយឡុកបាយឡ)ខ្លះ ល្បែងរថតូចខ្លះ ល្បែងធ្នូតូចខ្លះ ល្បែងសរសេរអក្សរខ្យល់ឲ្យទាយខ្លះ ល្បែងទាយចិត្ត (ស្តេចចង់)ខ្លះ ល្បែងកំប្លែងត្រាប់គេខ្លះ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះចាកកិរិយាប្រកបរឿយៗ នូវល្បែងបាស្កា ដែលជាហេតុជាទីតាំងនៃសេចក្តីប្រមាទ មានសភាពដូច្នេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន ។

[១៣] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗនូវឧច្ចាសយនមហាសយនៈ (ទីដេកទីអង្គុយដ៏ខ្ពស់ និងទីដេកទីអង្គុយដ៏ប្រសើរ) មានសភាពយ៉ាងនេះ ។ ឧច្ចាសយនមហាសយនៈនោះ តើដូចម្តេចខ្លះ។ គឺអាសនៈដែលខ្ពស់ហួសប្រមាណខ្លះ គ្រែដែលមានជើងវិចិត្រដោយរូបសត្វសាហាវខ្លះ ព្រំដែលមានរោមវែងជាងបួនធ្នាប់ខ្លះ កម្រាលដែលគេធ្វើដោយរោមវិចិត្រ ដោយរូបសត្វសាហាវខ្លះ កម្រាលមានពណ៌ស ដែលគេធ្វើដោយរោមសត្វខ្លះ កម្រាលដែលធ្វើដោយរោមសត្វមានផ្កាដេរដាសខ្លះ កម្រាលដែលញាត់ដោយសំឡីជាប្រក្រតីខ្លះ កម្រាលដែលធ្វើដោយរោមសត្វ វិចិត្រដោយរូបសត្វសាហាវ (មានសីហៈ និងខ្លាធំជាដើម)ខ្លះ កម្រាលដែលធ្វើដោយរោមសត្វ មានរោមច្រាងឡើងតែម្ខាងខ្លះ កម្រាលដែលធ្វើដោយរោមសត្វ មានរោមច្រាងឡើងទាំងសងខាងខ្លះ កម្រាលដែលធ្វើដោយឌិនខ្សែសយមាស និងសូត្រចាក់ស្រែះដោយរតនវត្ថុ មានមាសជាដើមខ្លះ កម្រាលដែលធ្វើដោយសរសៃសូត្រ ចាក់ស្រែះដោយរតនៈខ្លះ កម្រាលដែលធ្វើដោយរោមសត្វ ល្មមចុះពួកស្រីរបាំ១៦នាក់ ឈររាំបានខ្លះ កម្រាលសម្រាប់ក្រាលលើខ្នងដំរីខ្លះ កម្រាលសម្រាប់ក្រាលលើខ្នងសេះខ្លះ កម្រាលសម្រាប់ក្រាលលើរថខ្លះ កម្រាលដែលគេធ្វើដោយស្បែកខ្លាខ្លះ កម្រាលដ៏ឧត្តម ដែលគេធ្វើដោយស្បែកសត្វឈ្មុសខ្លះ ទីដេកដែលមានពិតានក្រហមពីខាងលើខ្លះ ខ្នើយមានពណ៌ក្រហមទាំងពីរខាង គឺខ្នើយក្បាល និងខ្នើយជើង ព្រមទាំងពិតាន មានពណ៌ក្រហមខ្លះ ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះចាកឧច្ចាសយនមហាសយនៈ មានសភាពដូច្នេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។

[១៤] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយ ៗ នូវវត្ថុជាទីតាំងនៃការប្រដាប់ស្អិតស្អាងរាងកាយ មានសភាពយ៉ាងនេះ ។ វត្ថុជាទីតាំងនៃការប្រដាប់ស្អិតស្អាងរាងកាយនោះ តើដូចម្តេច ។ គឺការដុសខាត់បំបាត់ក្លិនអាក្រក់ [អដ្ឋកថា ថា ដុសខាត់ ឬប្រស់ព្រំដោយវត្ថុ មានគ្រឿងក្រអូប និងលំអិតជាដើម ដើម្បីបន្ទោបង់នូវក្លិនអាក្រក់ក្នុងសរីរៈ ។] ខ្លះ ការច្របាច់រឺត [ដូចយ៉ាងទារកដែលមានបុណ្យ គេយកមកផ្តេកលើភ្លៅ លាបប្រេង ហើយច្របាច់រឺត ដើម្បីធ្វើទ្រង់ទ្រាយនៃអវយវៈ មានដៃជើងជាដើម ឲ្យសមរម្យល្អ។]ខ្លះ ការផ្ងូតទឹកខ្លះ ការគក់ច្របាច់ [ការវាយដៃជើងដោយវត្ថុមានអន្លូងជាដើម ធ្វើឲ្យដៃជើងចំរើនមាំមួន ដូចជាអ្នកចំបាប់។ តែក្នុងមង្គលត្ថទីបនីថា ការដកទាញដៃជើងជាដើម ដើម្បីបន្ទោបង់នូវរោគចុកសៀត។] ខ្លះ កញ្ចក់ខ្លះ វត្ថុសម្រាប់លាបគ្រឿងប្រដាប់ខ្លះ ផ្កាកម្រងខ្លះ គ្រឿងលាបខ្លះ គ្រឿងលំអិតសម្រាប់ប្រស់មុខខ្លះ វត្ថុសម្រាប់លាបមុខខ្លះ គ្រឿងប្រដាប់ដៃខ្លះ ចំណងផ្នួងសក់ខ្លះ ដំបងខ្លះ បំពង់ថ្នាំខ្លះ ដាវខ្លះ ព្រះខាន់ខ្លះ ឆត្រខ្លះ ស្បែកជើងដ៏វិចិត្រខ្លះ មកុដ ឬក្បាំងមុខខ្លះ (ស្នៀតសក់) កែវមណីខ្លះ ផ្លិតធ្វើពីរោមកន្ទុយសត្វខ្លះ សំពត់សខ្លះ សំពត់មានជាយវែងខ្លះ ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះចាកការប្រកបរឿយៗ នូវវត្ថុជាទីតាំងនៃការប្រដាប់ស្អិតស្អាងរាងកាយ មានសភាពដូច្នេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន ។

[១៥] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗនូវតិរច្ឆានកថា (ពាក្យនិយាយទទឹងផ្លូវសួគ៌ នឹងផ្លូវព្រះនិព្វាន) មានសភាពយ៉ាងនេះ ។ តិរច្ឆានកថានោះ តើដូចម្តេច ។ គឺនិយាយអំពីស្តេចខ្លះ និយាយអំពីចោរខ្លះ និយាយអំពីអាមាត្រធំខ្លះ និយាយអំពីសេនាទាហានខ្លះ និយាយអំពីភ័យខ្លះ និយាយអំពីចម្បាំងខ្លះ និយាយអំពីបាយម្ហូបចំណីខ្លះ និយាយអំពីទឹកផឹកខ្លះ និយាយអំពីសំពត់ខ្លះ និយាយអំពីទីដេកខ្លះ និយាយអំពីផ្កាកម្រងខ្លះ និយាយអំពីគ្រឿងក្រអូបខ្លះ និយាយអំពីញាតិខ្លះ និយាយអំពីយានខ្លះ និយាយអំពីស្រុកខ្លះ និយាយអំពីនិគមខ្លះ និយាយអំពីនគរខ្លះ និយាយអំពីជនបទខ្លះ និយាយអំពីស្ត្រីខ្លះ និយាយអំពីបុរសខ្លះ និយាយអំពីយោធាដែលក្លៀវក្លា [ក្នុងវិន័យថា សុរាកថំ និយាយអំពីសុរា ដូច្នេះវិញ ។] ខ្លះ និយាយអំពីច្រកផ្លូវខ្លះ និយាយអំពីកំពង់ទឹកខ្លះ និយាយអំពីញាតិដែលចែកឋានទៅកាន់បរលោកហើយខ្លះ និយាយអំពីពាក្យដែលឥតប្រយោជន៍ មានសភាពផ្សេងៗខ្លះ និយាយអំពីលោក [អដ្ឋកថា ថា និយាយប្រារព្ធអំពីលោកថា លោកនេះអ្នកណាតាក់តែង អ្នកឯណោះតាក់តែង មួយទៀត ក្អែកស ៗពិតមែន ព្រោះឆ្អឹងវា ស កុករនាលក្រហម ៗ ពិតមែន ព្រោះឈាមវាក្រហម ដូច្នេះជាដើម ។] ខ្លះ និយាយអំពីរឿងជីកសមុទ្រ [និយាយថា សមុទ្រហេតុអ្វីបានហៅថា សាគរ បានជាហៅដូច្នោះ ព្រោះ សាគរ ទេវតាបានជីក ជាដើម ។] ខ្លះ និយាយអំពីសេចក្តីចំរើន និងមិនចំរើន [មើលនយលក្ខណៈសិក្ខាបទទី៣ នៃរតនវគ្គ ក្នុងមហាវិភង្គ ចតុត្ថភាគ។]ខ្លះ ដែលជាហេតុឥតប្រយោជន៍ ដូច្នេះខ្លះ ដូច្នោះខ្លះ ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះចាកតិរច្ឆានកថា មានសភាពដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន ។

[១៦] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗនូវពាក្យប្រណាំងប្រជែង មានសភាពយ៉ាងនេះ ។ ពាក្យប្រណាំងប្រជែងនោះ តើដូចម្តេច។ គឺនិយាយថា អ្នកមិនមែនចេះដឹងធម៌ និងវិន័យនេះទេ ខ្ញុំទើបបានចេះដឹងធម៌ និងវិន័យនេះ ។ អ្នកនឹងបានឈ្មោះថា ចេះដឹងធម៌វិន័យនេះដូចម្តេចបាន អ្នកជាអ្នកប្រតិបត្តិខុស ខ្ញុំទើបជាអ្នកប្រតិបត្តិត្រឹមត្រូវ ។ ពាក្យរបស់ខ្ញុំ ទើបប្រកបដោយប្រយោជន៍ ពាក្យរបស់អ្នក មិនប្រកបដោយប្រយោជន៍ទេ ។ សំដីដែលគេត្រូវនិយាយមុន អ្នកយកមកនិយាយក្រោយវិញ ។ សំដីដែលគេត្រូវនិយាយក្រោយ អ្នកយកមកនិយាយមុនវិញ ។ ពាក្យផ្ទុយអ្នកប្រព្រឹត្តមកជាយូរអង្វែងហើយ [អដ្ឋកថាថា ពាក្យណាដែលស្ទាត់ល្អ ដោយអ្នកប្រព្រឹត្តមកជាយូរអង្វែង ពាក្យនោះខុសទាស់ ផ្ទុយនឹងពាក្យយើងតែ១ម៉ាត់ អ្នកមិនដឹងឡើយ ។ ទោសក្នុងសំដីរបស់អ្នក ខ្ញុំបានលើកឡើងហើយ ។ អ្នកជាមនុស្ស ត្រូវខ្ញុំសង្កត់សង្កិនបានហើយ ។ អ្នកចូរទៅសិក្សា ដើម្បីដោះស្រាយនូវទោសក្នុងសំដី ឬបើអ្នកអាច ចូរអ្នកដោះស្រាយឲ្យរួចទោសចុះ ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះហើយ ចាកពាក្យពោលប្រណាំងប្រជែង មានសភាពដូច្នេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន ។

[១៧] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ រមែងប្រកបរឿយៗនូវទូតកម្ម គឺនាំសំបុត្រ ឬពាក្យបណ្តាំនៃគ្រហស្ថ ឬទៅដោយគេបញ្ជូនអំពីផ្ទះមួយ ទៅផ្ទះមួយ មានសភាពយ៉ាងនេះ ។ ទូតកម្មនោះ តើដូចម្តេច។ គឺទៅដោយពាក្យប្រើរបស់ស្តេច ពួកអាមាត្រធំនៃស្តេច ពួកក្សត្រិយ៍ ពួកព្រាហ្មណ៍ ពួកគហបតិ ឬពួកកុមារថា លោកចូរទៅក្នុងទីនេះ លោកចូរទៅក្នុងទីឯណោះ លោកចូរនាំយករបស់នេះទៅ លោកចូរនាំយករបស់នេះ ពីទីឯណោះមក ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះហើយចាកការប្រកបនូវទូតកម្ម គឺនាំសំបុត្រ ឬពាក្យបណ្តាំនៃគ្រហស្ថ ឬទៅដោយគេបញ្ជូនអំពីផ្ទះមួយ ទៅផ្ទះមួយ មានសភាពដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន ។

[១៨] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ជាអ្នកកុហក គឺញុំាងគេឲ្យភាន់ច្រឡំ (ឲ្យជ្រះថ្លា ដោយការប្រើប្រាស់បច្ច័យជាដើម) ខ្លះ ជាអ្នកពោលពាក្យរាក់ទាក់ (នឹងគ្រហស្ថ)ខ្លះ ជាអ្នកធ្វើនិមិត្ត គឺពោលបញ្ឆិតបញ្ឆៀងខ្លះ ជាអ្នកជេរប្រទេចខ្លះ ជាអ្នកស្វែងរកលាភ ដោយលាភខ្លះ ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះហើយចាកការកុហក និងពាក្យរាក់ទាក់ មានសភាពដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។

ចប់ មជ្ឈិមសីល។

ប្រភព សុត្តន្តបិដក ទីឃនិកាយ បឋមភាគ សីលវក្ខន្ធវគ្គ ភាគទី ១៤ ទំព័រ ១៣ - ២១


แสดงความคิดเห็น (0)
ใหม่กว่า เก่ากว่า