វត្តស្វាយពក

ព្រហ្មជាលសូត្រទី ១ មហាសីល

[១៩] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេច។ គឺការទាយអវយវៈខ្លះ ទាយនិមិត្ត (ហេតុ)ខ្លះ ទាយឧត្បាត គឺធ្លាក់ចុះនៃហេតុធំៗ មានរន្ទះបាញ់ជាដើមខ្លះ ទាយយល់សប្តិខ្លះ ទាយលក្ខណៈខ្លះ ទាយវត្ថុមានសំពត់ជាដើម ដែលកណ្តុរកាត់ខ្លះ និយាយអំពីការបូជាដោយភ្លើងខ្លះ និយាយអំពីការបូជាដោយវែក [ប្រែថាបង្វិលពពិលក៏បាន។]ខ្លះ និយាយអំពីការបូជាដោយអង្កាមខ្លះ និយាយអំពីការបូជាដោយកុណ្ឌកខ្លះ និយាយអំពីការបូជាដោយអង្ករខ្លះ និយាយអំពីការបូជាដោយទឹកដោះរាវខ្លះ និយាយអំពីការបូជាដោយប្រេងខ្លះ និយាយអំពីការបូជាដោយមាត់ [អដ្ឋកថា ថា យកមាត់ខាំវត្ថុមានគ្រាប់ស្ពៃជាដើម យកទៅដាក់ក្នុងភ្លើង ឬសូត្ររបៀនបូជាដោយមាត់។]ខ្លះ និយាយអំពីការបូជាដោយឈាមខ្លះ វិជ្ជាសម្រាប់ទាយអវយវៈខ្លះ វិជ្ជាសម្រាប់ទាយទីភូមិឋាន (ថាឲ្យទុក្ខ ឲ្យសុខ)ខ្លះ វិជ្ជាសម្រាប់ទាយទីស្រែចម្ការខ្លះ វិជ្ជាស្គាល់ព្រៃខ្មោច [វិជ្ជាសម្រាប់រម្ងាប់ចង្រៃ ដែលចូលទៅក្នុងព្រៃស្មសាន ហើយចេញមកវិញ។]ខ្លះ វិជ្ជាចាប់ខ្មោចខ្លះ វិជ្ជាសម្រាប់ការពាររក្សាភូមិផ្ទះខ្លះ វិជ្ជាស្តោះពស់ [វិជ្ជាមើលសត្វ ដែលពស់ខាំ ឬមន្តហៅពស់។]ខ្លះ វិជ្ជារក្សាពិសខ្លះ វិជ្ជាស្តោះខ្ទួយទិចខ្លះ វិជ្ជាស្តោះកណ្តុរខាំខ្លះ វិជ្ជាសម្រាប់ទាយសម្រែកសត្វស្លាប [វិជ្ជាសម្រាប់ទាយនូវសម្រែក និងគតិជាដើម របស់សត្វស្លាប ឬសត្វឥតស្លាប និងសត្វជើង២ ជើង៤។] ខ្លះ វិជ្ជាសម្រាប់ទាយសម្រែកក្អែកខ្លះ វិជ្ជាសម្រាប់ទាយអាយុខ្លះ វិជ្ជាសម្រាប់រារាំងសរខ្លះ វិជ្ជាសម្រាប់មើលនូវស្នាមជើងម្រឹគ គឺសត្វជើង៤ទាំងអស់ខ្លះ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។

[២០] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេច។ គឺការទាយលក្ខណៈកែវមណីខ្លះ ទាយលក្ខណៈដំបង ឬឈើច្រត់ខ្លះ ទាយលក្ខណៈសំពត់ខ្លះ ទាយលក្ខណៈសស្ត្រាខ្លះ ទាយលក្ខណៈដាវខ្លះ ទាយលក្ខណៈសរខ្លះ ទាយលក្ខណៈធ្នូខ្លះ ទាយលក្ខណៈអាវុធខ្លះ ទាយលក្ខណៈស្រីខ្លះ ទាយលក្ខណៈប្រុសខ្លះ ទាយលក្ខណៈក្មេងប្រុសខ្លះ ទាយលក្ខណៈក្មេងស្រីខ្លះ ទាយលក្ខណៈខ្ញុំប្រុសខ្លះ ទាយលក្ខណៈខ្ញុំស្រីខ្លះ ទាយលក្ខណៈដំរីខ្លះ ទាយលក្ខណៈសេះខ្លះ ទាយលក្ខណៈក្របីខ្លះ ទាយលក្ខណៈគោឧសភខ្លះ ទាយលក្ខណៈគោខ្លះ ទាយលក្ខណៈពពែខ្លះ ទាយលក្ខណៈកែះខ្លះ ទាយលក្ខណៈមាន់ខ្លះ ទាយលក្ខណៈចាប ឬក្រួចខ្លះ ទាយលក្ខណៈទន្សង [អដ្ឋកថា ថា វិជ្ជាស្គាល់លក្ខណៈរូបគំនូរ និងគ្រឿងប្រដាប់ជាដើម ដែលគេធ្វើជារូបទន្សង។]ខ្លះ ទាយលក្ខណៈគ្រឿងប្រដាប់ ឬកំពូលផ្ទះ [ប្រែថា ទាយលក្ខណៈនៃសត្វពួកមួយ ដែលហៅថា កណ្ណិកាក៏បាន។]ខ្លះ ទាយលក្ខណៈអណ្តើក [វិជ្ជាស្គាល់លក្ខណៈរូបគំនូរ និងគ្រឿងប្រដាប់ជាដើម ដែលគេធ្វើជារូបអណ្តើក។]ខ្លះ ទាយលក្ខណៈម្រឹគខ្លះ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។

[២១] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេច។ គឺទាយការលើកទ័ពថា ព្រះរាជា គួរស្តេចចេញទៅ (ក្នុងថ្ងៃនោះ)។ ព្រះរាជា គួរស្តេចចូលមកវិញ (ក្នុងថ្ងៃនោះ)។ ព្រះរាជាខាងក្នុង នឹងរុករានចូលទៅ។ ព្រះរាជាខាងក្រៅ នឹងថយចេញទៅ។ ព្រះរាជាខាងក្រៅ នឹងរុករានចូលមក។ ព្រះរាជាខាងក្នុង នឹងថយចេញទៅ។ ព្រះរាជាខាងក្នុង នឹងមានជ័យជំនះ។ ព្រះរាជាខាងក្រៅ នឹងបរាជ័យ។ ព្រះរាជាខាងក្រៅ នឹងមានជ័យជំនះ។ ព្រះរាជាខាងក្នុង នឹងបរាជ័យ។ ព្រះរាជាអង្គនេះ នឹងមានជ័យជំនះ ឯព្រះរាជាអង្គនេះ នឹងបរាជ័យ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។

[២២] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេច។ គឺការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមានចន្ទ្រគ្រាស។ នឹងមានសូរ្យគ្រាស។ នឹងមាននក្សត្រគ្រាស គឺផ្កាយព្រះគ្រោះ ដើររួមចូលគ្នា ឬដើររំលងព្រះអាទិត្យ ព្រះចន្ទ្រ ឬផ្កាយណាមួយ។ ព្រះចន្ទ្រព្រះអាទិត្យ នឹងដើរតាមផ្លូវត្រូវគ្នា។ ព្រះចន្ទ្រព្រះអាទិត្យ នឹងដើរខុសផ្លូវគ្នា។ ផ្កាយទាំងឡាយនឹងដើរតាមផ្លូវត្រូវគ្នា។ ផ្កាយទាំងឡាយ នឹងដើរខុសផ្លូវគ្នា។ នឹងមានឧក្កាបាត [ឧក្កាបាតនោះ ប្រែថា ធ្លាក់នៃពន្លឺគប់ភ្លើង សេចក្តីថា កាលបើអាកាសមានខ្យល់ទង្គិចគ្នាខ្លាំង ក៏កើតមានពន្លឺរស្មីដូចជាពន្លឺប្រទីប ធ្លាក់ចុះមកអំពីអាកាស តាមលោកវោហារ ហៅថា ឧក្កាបាត។ (លីនត្ថប្បកាសនាដីកា)។ បុរាណ ហៅថា កេតុដំដួល សំស្ក្រឹតថា ឧក្ងាបាត។]។ នឹងកើតមានកំដៅក្នុងទិស។ នឹងមានកម្រើកផែនដី។ នឹងមានផ្គរលាន់ (ឥតមានភ្លៀង)។ ព្រះចន្ទ្រ ព្រះអាទិត្យ ផ្កាយ នឹងរះឡើង ឬអស្តង្គតទៅវិញ នឹងសៅហ្មង ឬផូរផង់។ ចន្ទ្រគ្រាស នឹងបណ្តាលឲ្យបានសុខទុក្ខយ៉ាងនេះ (ដល់សត្វលោក)។ សូរ្យគ្រាស នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ (ដល់សត្វលោក)។ នក្សត្រគ្រាស នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ។ ព្រះចន្ទ្រ និងព្រះអាទិត្យ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ។ ព្រះចន្ទ្រ និងព្រះអាទិត្យដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ។ ពួកផ្កាយ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ។ ពួកផ្កាយដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ។ ឧក្កាបាត នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ។ កំដៅក្នុងទិស នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ។ ការកម្រើកផែនដី នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ។ ផ្គរលាន់ (ឥតមានភ្លៀង) នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ។ ព្រះចន្ទ្រ ព្រះអាទិត្យ និងផ្កាយរះឡើង ឬអស្តង្គតទៅវិញ សៅហ្មង ឬផូរផង់ នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។

[២៣] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេច។ គឺការទាយថា (ក្នុងឆ្នាំនេះ) ភ្លៀងស្រួល។ នឹងមានភ្លៀងធ្លាក់មិនស្រួល។ នឹងមានបាយសម្បូណ៌។ នឹងមានបាយក្រ។ នឹងមានសេចក្តីក្សេមក្សាន្ត។ នឹងមានភ័យ។ នឹងមានរោគ។ នឹងមិនមានរោគ។ ការរាប់ដោយដៃទទេ ការរាប់ដោយវិធីនព្វន្ត រាប់បូក [អដ្ឋកថា ថា ការរាប់នោះ បើស្ទាត់ដល់បុគ្គលណា បុគ្គលនោះ កាលបើឃើញដើមឈើ ក៏អាចនឹងដឹងថា ឈើនេះមានស្លឹកប៉ុណ្ណេះប៉ុណ្ណោះបាន។] កាព្យឃ្លោង គម្ពីរលោកាយតៈ [គម្ពីរនិយាយថា លោកនេះ អ្នកណាសាង អ្នកឯណោះសាង បានជាហៅថា ក្អែកស ព្រោះឆ្អឹងវា ស បានជាហៅថា កុកក្រហម ព្រោះឈាមវាក្រហម ដូច្នេះជាដើម។]។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។

[២៤] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេច។ គឺវិធីរៀបអាវាហមង្គលខ្លះ [អដ្ឋកថា ថា មាតាបិតាខាងប្រុស នាំយកនាងទារិកាអំពីត្រកូលដទៃ មករៀបការឯផ្ទះរបស់ខ្លួន ហៅថា អាវាហមង្គល។] វិធីរៀបវិវាហមង្គលខ្លះ [មាតាបិតាខាងស្រី រៀបចំបញ្ជូនកូនស្រីខ្លួន ឲ្យទៅកាន់ត្រកូលប្តី ហៅថា វិវាហមង្គល។ មានន័យផ្សេងទៀតថា បើស្រីមកការឯផ្ទះប្រុស ហៅថា អាវាហៈ បើប្រុសទៅការឯផ្ទះស្រី ហៅថា វិវាហៈ។] វិធីធ្វើឲ្យព្រមព្រៀងគ្នា (ស្នេហ៍)ខ្លះ វិធីធ្វើឲ្យព្រាត់ប្រាសគ្នា (បង់ចំណែង)ខ្លះ វិធីប្រមូលទ្រព្យខ្លះ វិធីប្រកបជំនួញខ្លះ វិធីធ្វើឲ្យចូលចិត្តស្រឡាញ់គ្នា ឬធ្វើឲ្យមានសិរីខ្លះ វិធីធ្វើឲ្យស្អប់គ្នាខ្លះ វិធីធ្វើគភ៌ដែលបំរុងនឹងវិនាស មិនឲ្យវិនាសខ្លះ វិធីចងអណ្តាតឲ្យរឹងដោយមន្តខ្លះ វិធីចងចង្កាឲ្យរឹងខ្លះ វិធីសូត្ររបៀន ដើម្បីផ្លាស់ប្តូរដៃខ្លះ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយត្រចៀកខ្លះ [បុគ្គលសូត្ររបៀននោះក្នុងសាលាក្តី ចង់និយាយពាក្យណា ក៏និយាយពាក្យនោះទៅ អ្នកគូក្តីម្ខាងស្តាប់មិនឮ ក៏មិនអាចនឹងនិយាយឆ្លើយឆ្លងបាន។] ប្រស្នាកញ្ចក់ គឺមន្តខាបយកទេវតាឲ្យមកនៅនឹងកញ្ចក់ ហើយសួរប្រស្នាខ្លះ ប្រស្នាកុមារី គឺមន្តបញ្ចូលទេវតាក្នុងសរីរៈនៃកុមារី ហើយសួរប្រស្នាខ្លះ ប្រស្នាទេវតា គឺមន្តបញ្ចូលទេវតា ក្នុងសរីរៈនៃទាសី ហើយសួរប្រស្នាខ្លះ វិធីបម្រើព្រះអាទិត្យខ្លះ វិធីបម្រើមហាព្រហ្មខ្លះ វិធីបញ្ចេញភ្លើងអំពីមាត់ដោយមន្តខ្លះ វិធីហៅសិរីឲ្យមកឋិតក្នុងសរីរៈខ្លះ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។

[២៥] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេច។ គឺការបន់ស្រន់ខ្លះ លាបំណន់ខ្លះ ធ្វើមន្តសម្រាប់ការពារបិសាចខ្លះ ធ្វើមន្តសម្រាប់ការពារផ្ទះខ្លះ ធ្វើខ្ទើយឲ្យដូចជាប្រុសខ្លះ ធ្វើប្រុសឲ្យដូចជាខ្ទើយ [អដ្ឋកថា ថា ធ្វើដូច្នោះ ដើម្បីមិនឲ្យស្រីស្រឡាញ់ចូលចិត្ត មិនមែនធ្វើឲ្យភេទក្លាយទេ។] គឺក្រៀវខ្លះ ធ្វើពីធីសង់ផ្ទះលើទីដី ដែលមិនធ្លាប់បានធ្វើខ្លះ ធ្វើពលិកម្មនៅទីដីសង់ផ្ទះខ្លះ ជំរះមុខឲ្យស្អាតដោយទឹកឲ្យគេខ្លះ ស្រោចទឹកបង្កក់ប្រសិទ្ធិ៍ឲ្យគេខ្លះ បូជាភ្លើងឲ្យគេខ្លះ ផ្សំថ្នាំសម្រាប់ឲ្យក្អួតខ្លះ ផ្សំថ្នាំបញ្ចុះខ្លះ ផ្សំថ្នាំកំចាត់បង់នូវទោសខាងលើខ្លះ ផ្សំថ្នាំកំចាត់បង់នូវទោសខាងក្រោមខ្លះ ផ្សំថ្នាំកំចាត់បង់នូវទោសក្នុងក្បាលខ្លះ ស្លប្រេងសម្រាប់បន្តក់ត្រចៀកខ្លះ ស្លប្រេងសម្រាប់ស្អំភ្នែកខ្លះ ផ្សំថ្នាំសម្រាប់ហិតខ្លះ ផ្សំថ្នាំសម្រាប់លាបបង្កាត់ខ្លះ ផ្សំថ្នាំត្រជាក់សម្រាប់លាបស្រលាបខ្លះ ធ្វើវេជ្ជកម្មរក្សាភ្នែកខ្លះ ធ្វើកម្មរបស់ពេទ្យខ្លះ ធ្វើពេទ្យរក្សាកូនក្មេងខ្លះ ដាក់ថ្នាំក្រោយឲ្យជួយកំឡាំងថ្នាំមុនខ្លះ លាងថ្នាំដើមចេញ [អដ្ឋកថា ថា កាលបើមានដម្បៅ ដាក់ថ្នាំ មានថ្នាំផ្សាជាដើម ក្នុងដម្បៅនោះ កាលបើដម្បៅស្រួលសមគួរហើយ ក៏នាំយកថ្នាំនោះចេញ។]ខ្លះ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលសរសើរ ដោយគុណជាតណា គុណជាតនុ៎ះ មានប្រមាណតិច មានប្រមាណស្តួចស្តើង បានត្រឹមតែសីលប៉ុណ្ណេះ។

ចប់ មហាសីល។

ប្រភព សុត្តន្តបិដក ទីឃនិកាយ បឋមភាគ សីលវក្ខន្ធវគ្គ ភាគទី ១៤ ទំព័រ ២២ - ៣០


แสดงความคิดเห็น (0)
ใหม่กว่า เก่ากว่า