ពិធីបួស គេរៀបចំឲ្យ កម្លោះទាំងនោះ នៅក្នុងភាពមួយដែលគ្រហស្ថ មិនចំជាគ្រហស្ថ, បព្វជិត មិនចំជាបព្វជិត, ប្រុស មិនចំជាប្រុស, ស្រី មិនចំជាស្រី, អាចនិយាយថាមនុស្ស មិនសមជាមនុស្សផងក៏សឹងបាន ត្បិតគេហៅអ្នកទាំងនោះថា “នាគ” ។ មកពីដូច្នេះហើយបានជាគេហៅពិធីនេះថា “បំបួសនាគ” ។
ភាពជានាគ
ពាក្យថា “នាគ” ក្នុងទីនេះពុំមែនជាសត្វនាគពិតប្រាកដនោះទេ ”នាគ“ ប្រែថា ប្រសើរ, ចម្បង, បរិសុទ្ធ។ ក្នុងទីនេះ សំដៅទៅលើមនុស្សដែលបំរុងនឹងចូលកាន់ផ្នួសបួសជាបព្វជិតនៅក្នុងព្រះពុទ្ធសាសនា ព្រោះអ្នកនោះផ្គងគំនិតបំរុងនឹងប្រព្រឹត្តព្រហ្មចរិយធម៌សម្រាប់បព្វជិត ហើយគេសន្មតនាមថា ជា នាគ។ នៅវត្ត កិច្ចសំខាន់ដំបូងក្នុងយប់នោះគឺ “ហៅព្រលឹងនាគ” ។ អាចារ្យតែងមានក្បួននៅក្នុងក្រាំងរបស់ខ្លួន យកមកបើកសូត្រធើ្វបទផ្សេង ៗ ។ នាគទាំងអស់នៅអង្គុយស្តាប់យ៉ាងស្រគត់ស្រគំ ដោយមាន “អំបោះក្លុក” នៅត្រចៀកផង ។ ពាក្យសូត្រយ៉ាងវែង លន្លង់លន្លោចនោះពុំខុសគ្នាអ្វីពីពាក្យហៅព្រលឹង ពេលកោរជុកឡើយ ។ នៅតំបន់ខ្លះ ការសូត្រនេះគ្រាន់តែជាមួយវគ្កទេ ត្បិតពិធីហៅព្រលឹងនឹងបញ្ចប់ទៅដោយកិច្ចជញ្ជាត់ព្រលឹងនៅពេលទៀប ភ្លឺទៀត ។
ភាពជាបព្វជិត
ពាក្យថា “បព្វជិត” ប្រែថា អ្នកបួស ឬអ្នកសាងភ្នួស បួសជាសាមណេរ ឬបួសជាភិក្ខុ បានសេចកី្តថាអ្នកចេញចាកនូវកាម ឬចេញចាកផ្ទះទៅបួស សាងផ្ទួសនៅក្នុងទីនេះសំដៅទៅលើអ្នក បួសក្នុងព្រះពុទ្ធសាសនាតែប៉ុណ្ណោះ។ យើងខ្ញុំសូមបរិយាយអំពីកិច្ច នៅក្នុងទំនៀមទំលាប់ ដ៏សំខាន់ ចុងក្រោយនេះ គឺកិច្ចបំបួសដែលអាចធើ្វនៅរសៀលថ្ងៃដដែលនោះក៏បាន តែពេលនេះត្រូវនៅក្នុងព្រះវិហារ ពុំអាចធើ្វនៅក្នុងសាលា ដូចកិច្ចដែលមានមុនមកនោះទេ ។ កិច្ចនោះមានរបៀបរបបហ្មត់ចត់ ពុំអាចធើ្វតាមចិត្តនឹកឃើញបានឡើយ ។ នាគនីមួយ ៗ ត្រូវចេះសូត្រធម៌បួស ដើម្បីឆើ្លយឆ្លងជាមួយឧបជ្ឈាយ៍ ឬព្រះសង្ឃដែលត្រូវធើ្វកិច្ចផ្ទាល់មួយខ្លួន ។ កាយវិការចុងក្រោយបង្អស់ នៅត្រង់ ពេលឧបជ្ឈាយ៍ “ ទាក់ករ “ នាគ ។ នាគសូត្រថា
សព្វទុក្ខនិស្សរណៈ និព្វានសច្ឆិករណត្ថាយ, ឥមំ កាសាវំ គហេត្វា, បព្វាជេថ មំ ភន្តេ អនុកម្បំ ឧបាទាយ ។
បពិត្រលោកម្ចាស់ដ៏ចម្រើន សូមលោកម្ចាស់មេត្តាទទួលយកនូវសំពត់កាសាវៈនេះ ហើយជួយបំបួសខ្ញុំព្រះករុណា ដោយសេចក្ដីអនុគ្រោះ ដើម្បីធ្វើឱ្យជាក់ច្បាស់នូវព្រះនិព្វាន ដែលជាធម៌រំដោះខ្លួនចេញចាកទុក្ខទាំងពួង។
សព្វទុក្ខនិស្សរណៈ និព្វានសច្ឆិករណត្ថាយ, ឯតំ កាសាវំ ទត្វា, បព្វាជេថ មំ ភន្តេ អនុកម្បំ ឧបាទាយ ។
បពិត្រលោកម្ចាស់ដ៏ចម្រើន សូមលោកម្ចាស់មេត្តាប្រគល់នូវសំពត់កាសាវៈនោះមកឱ្យខ្ញុំព្រះករុណាវិញ ហើយជួយបំបួសខ្ញុំព្រះករុណា ដោយសេចក្ដីអនុគ្រោះ ដើម្បីប្រយោជន៍ដល់ការរំលត់ទុក្ខ និងសម្រេចព្រះនិព្វាន។
ពេលនេះហើយដែលនាគបោះបង់ភាពជានាគ មកចូលក្នុងភាព ជាបព្វជិតដោយដោះសំពត់ហូល សាវស្បៃ និងគ្រឿងអលង្ការនានាពីខ្លួន ហើយមកស្លៀកស្បង់ គ្រងចីពរពេញលេញជាអ្នកបួស ។
អ្នកដែលបានបួសរៀន យូរ រាប់ពីប្រាំវស្សាឡើងទៅ គេតែងឲ្យតម្លៃណាស់ ត្បិតគេយល់ថាអ្នកនោះចេះច្រើន ។ ដូច្នេះហើយបានជាអ្នកស្រុកតែងហៅអ្នកនោះថា ”អន្ទិត” (និយាយក្លាយមកពី “បណ្ឌិត” ដែលខ្មែរពីបុរាណកាលមកតែងតែសរសេរជា “បន្ទិត”) ហើយយើងធ្លាប់ដឹងថា ជាប្រពៃណីរៀងមក គេតែងចង់លើកកូនស្រីឲ្យជាភរិយាផង។
អត្ថបទដកស្រង់ចេញពី សៀវភៅ ប្រវតិ្ត និងការប្រតិបត្តិ ព្រះពុទ្ធសាសនានៅកម្ពុជា ភាគទី ១ ឆ្នាំ ២០០៧ និពន្ធដោយ អៀន ហ៊ៃរីស គ្រឹះសា្ថនបោះពុម្ភផ្សាយ នគរវត្ត
ខាងក្រោមនេះ គឺជារូបភាពខ្លះ ៗ ក្នុងពិធីដង្ហែនាគ ប្រទក្សិណព្រះវិហារ វត្តស្វាយពក ថ្ងៃអាទិត្យ ៣ កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ១៩ មេសា គ.ស. ២០២៦













